រថយន្តសង្រ្គោះបោះពួយលឿនមិនចាញ់យន្តហោះ ផ្ដាច់ជីវិតឳពុកម្ដាយនិងកូនប្រុស


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល ៖ ជារឿយៗឃើញថា រថយន្តពេទ្យ គ្លីនិកឯកជនបើកប្រតិបត្តិការ ដឹកជនរងគ្រោះ អ្នកជម្ងឺ រាល់ថ្ងៃមិនថានៅទីក្រុងភ្នំពេញ ឬតាមបណ្តាខេត្តនោះទេ រាល់ការបើកបររបស់រថយន្ត គ្លីនិកទាំងនោះមិនដែលឃើញបើកបរទៅតាមច្បាប់ បច្ចេកទេស សង្រ្គោះ បច្ចេកទេស រថយន្តសង្រ្គោះឡើយ ទោះជាក្រសួង មន្ទីរសុខាភិបាល បានចេញច្បាប់ ស្តីពីរថយន្តសង្រោះ យ៉ាងណាក៏ដោយ នៅតែគ្មានប្រសិទ្ធិភាព ក្រុមរថយន្តគ្លីនិក មួយចំនួនធំ មិនបានគោរពឡើយ ទាំងបច្ចេកទេសសង្រ្គោះជនរងគ្រោះ បើកបរល្បឿនហួសកំណត់ច្បាប់ វាជាបញ្ហាមួយសង្គមគ្មានច្បាប់សង្រ្គោះ ប្រឈមទៅនឹងគ្រោះថ្នាក់ ហើយសម្រាប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នេះនៅវេលាម៉ោង៥និង១៥នាទីព្រឹក រថយន្តរបស់គ្លីនិក តែ វណ្ណា មួយគ្រឿងទៀតហើយដែលបើក ល្បឿនល្បឿនហួសកំណត់រហូតគ្រប់គ្រងខ្លួនឯងមិនបាន ទៅបុកម៉ូតូសណ្តោងរុឺម៉ក មួយគ្រឿង បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ២នាក់ទៀតរងរបួសធ្ងន់ នៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិ ឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

បើតាមនគរបាលបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ ដោយសាររថយន្តគ្លីនិក តែ វណ្ណា បើកបុក ទី១ ឈ្មោះ ពៅ មារីន ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូ ស្លាប់ ។ ទី២ ឈ្មោះ យី សុភ័ក្រ ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធ ស្លាប់ ។ ទី៣ ឈ្មោះ ខៃ បញ្ញា ភេទប្រុស អាយុ៤ឆ្នាំ ស្លាប់ ។ ទី៤ ឈ្មោះ ខុន សុខលី ភេទស្រី អាយុ៣៥ឆ្នាំ របួសធ្ងន់ ។ ទី៥ ឈ្មោះ ជឹម សុណា ភេទស្រី អាយុ៤៦ឆ្នាំ របួសធ្ងន់ ។ ជនរងគ្រោះ ទាំងអស់ រស់នៅរួមគ្នា ក្នុងគ្រួសារតែមួយ ។ ចំណែករថយន្តបង្ក ម៉ាក ស្តារិច ពណ៍ ស ឆ្នូតក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង2A-1317 ជារថយន្តរបស់គ្លីនិក តែ វណ្ណា អ្នកបើកបរ និងគ្រូពេទ្យរួមដំណើរ ក្រោយកើតហេតុ ចុះរត់គេចខ្លួនបាត់ ទុកតែរថយន្ត ឲ្យលោក តែ វណ្ណា ជាម្ចាស់ដោះស្រាយទៅ។

តាមនគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកបរក្នុងល្បឿនយ៉ាងលឿន អាងតែបំពាក់ ភ្លើងសញ្ញា សុីរ៉ែន ហើយបើកអត់ខ្វល់ បោះពួយពីត្បូងទៅជើង លឿនមិនចាញ់យន្តហោះ រហូតដល់ថ្នាក់គ្រប់គ្រងខ្លួនឯងលែងបាន ជ្រុលទៅបុក ម៉ូតូសណ្តោងរុឺម៉កពីក្រោយ រុញផ្ទប់ចូលផ្ទះអ្នកស្រុក បង្កឲ្យមានមនុស្សស្លាប់៣នាក់ភ្លាមៗនៅកន្លែង របួសធ្ងន់២នាក់ ហើយរថយន្តបង្ក ជ្រុលហួសធ្លាក់ផ្លូវ តែមិនក្រឡាប់ ជាឱកាស សម្រាប់អ្នកបើកបរ និងគ្រូពេទ្យរួមដំណើរ ចុះរត់បាតជើងសព្រាត គេចខ្លួនបាត់ បន្សល់ទុកសាកសព ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ ចំណែកអ្នករបួស២នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯរថយន្តបង្ក របស់លោក តែ វណ្ណា រួមជាមួយ ម៉ូតូខ្ទេចអស់ ត្រូវបាននគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់។ តែបើពលរដ្ឋវិញ បានលើកឡើងថា រង់ចាំមើល លោក តែ វណ្ណា ម្ចាស់ គ្លីនិក នៅទីរួមខេត្តកំពង់ឆ្នាំងចេញមុខមកដោះស្រាយឬយ៉ាងណា ឬមួយបោះគ្រវាត់ចោលរថយន្តមួយគ្រឿងនេះ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង