នាំមកជូនដោយ៖

ល្បែងប្រជាប្រិយខ្មែរ ៖ ល្បែងលាក់កន្សែង


ទំហំអក្សរ៖ S M L

ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាងរបស់ក្មេងខ្មែរក្នុង បុរាណកាលតែងលេងសម្រាប់ជាទីកម្សាន្តសប្បាយ នៅពេលយប់ខែភ្លឺ ក្នុងរដូវចូលឆ្នាំ ឬនៅពេលសម្រាកពីការនឿយហត់ម្ដងៗ។

មុនដំបូង ពួកក្មេងៗគេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅឲ្យអង្គុយច្រហោងដំកង់ជាវង់មូល ដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ ក្នុងទីណាមួយដែលជាទីវាលស្រឡះរាបស្មើល្អ។​ ហើយគេយកកន្សែងឬក្រមាតូចមួយមករុំមូរធ្មូលរឹតឲ្យតឹងណែនល្អ ទុកជាយបន្តិចសម្រាប់ កាន់យួរបាន សន្មតហៅថា កន្សែង មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយបញ្ឆោតអ្នកអង្គុយមិនឲ្យដឹងខ្លួនថា គេលាក់កន្សែងក្រោយខ្នងអ្នកណា។

សកម្មភាពរបស់អ្នកលេង ដូចរូបខាងក្រោមនេះ

ល្បែងនេះ មានត្រណមយ៉ាងតឹងរ៉ឹងមិនឲ្យអ្នកលេងងាក ក្រោយឬលូកដៃទៅខាងក្រោយខ្នង បើអ្នកណាមួយហ៊ានងាក ឬលូក ស្ទាបខាងក្រោយខ្នង អ្នកលាក់គេមានអំណាចដាក់ទណ្ឌកម្មអ្នកនោះ មិនឲ្យឡើងលាក់កន្សែង ឬគេឲ្យអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោស យ៉ាងណាតាមចិត្តគេស្ម័គ្រ។ អ្នកលាក់ លុះរត់ក្រឡឹងអ្នកអង្គុយ ២-៣ជុំហើយ មើលតែអ្នកណាអង្គុយបែបភ្លេចខ្លួនគេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម រួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីឲ្យឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ។ បើអ្នកដែលត្រូវគេលាក់កន្សែង ពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់គេរត់ក្រឡឹង មកម្ដងទៀតចាប់យកកន្សែងនោះបានមុនគេទុកអ្នកលាក់នោះជាឈ្នះ ត្រូវមានអំណាចរើស យកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយគេយកកន្សែង លាក់ត ទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួន ហើយចាប់យកកន្សែងបានមុនអ្នកលាក់រត់មកដល់គេទុកអ្នកអង្គុយនោះ ជាឈ្នះ ត្រូវមានអំណាចក្រោកឡើងចាប់កន្សែងដេញគក់អ្នកលាក់នោះវិញ តែបើអ្នកនោះគេរត់ទៅដល់កន្លែងចន្លោះអង្គុយបានទៅអ្នកកាន់ កន្សែងនោះ មិនត្រូវគក់គេទេ ត្រូវរត់ករឡឹងអ្នកអង្គុយដំកង់ ដើម្បីនឹងលាក់តទៅទៀតគឺថា អ្នកលាក់ពីមុនត្រូវទៅអង្គុយកន្លែងអ្នកចាប់កន្សែងបានក្នុងវង់ដដែល។

គេលេងតែរបៀបនេះរហូតដល់ពេលយប់។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់កន្សែងនឹងគេម្ដងសោះក៏មាន ព្រោះគេលាក់កន្សែងក្រោយខ្នងខ្លួន ខ្លួនមិនដឹងរវល់តែគេគក់ខ្នងបានរាល់ពេល។

ល្បែងនេះ គេលេងដើម្បីហាត់ខ្លួនឲ្យមានស្មារតីរឹងប៉ឹង រហ័សរហួន ឲ្យមានប្រាជ្ញាវាងវៃ ហាត់ទម្លាប់ខ្លួនឲ្យចេះប្រុងស្មារតីជានិច្ច៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង