នាំមកជូនដោយ៖

អនិច្ចារ! ទាំងប្រពន្ធនិងប្តីស្លាប់ ឯកូនរបួសធ្ងន់​ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ (Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ប្រពន្ធ​និងប្តីស្លាប់ ចំណែកកូនរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូដេញតាមជនសង្ស័យដែលឆក់កាបូប ហើយជ្រុលទៅបុកគូទរថយន្តបណ្ដាលឲ្យកើតមានជាគ្រោះថ្នាក់ចរាចរណ៍ ចំណែកជនសង្ស័យបានដួលម៉ូតូត្រូវប្រជាពលរដ្ឋចាប់បានស្វាគមន៍ម្នាក់មួយដៃ មួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច​។ ករណីដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង​៨យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ក្បែរវត្តសំបួរ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ​។

ជនសង្ស័យ មានឈ្មោះ ផាន់ ម៉ន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករលើកផ្លែឈើនៅផ្សារនាគមាស ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខ​ណ្ឌពោធិសែនជ័យ។ ចំណែកសពស្ត្រីរងគ្រោះមានឈ្មោះ ស្រី តី ប្ដីមានឈ្មោះ មាន ពិសី ចំណែកកូនមាន​ឈ្មោះ មាន ពេជ្រ​ចរណៃ ភេទ​ប្រុស អាយុ២ឆ្នាំកន្លះ រងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅសង្រោះបន្ទាន់នៅមន្ទីរកុមារជាតិ អ្នកទាំង៣ស្នាក់នៅ បុរី​ពិភពថ្មី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​។

ប្រជាពលរដ្ឋនៅន្លែងកើតហេតុបានឲ្យដឹងថា គេឃើញម៉ូតូ២គ្រឿងជិះប្រដេញគ្នាយ៉ាងលឿនតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានយកជើងធាក់ម៉ូតូម៉ាក Honda Dream សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DB-1334 ជិះម្នាក់ឯងបណ្ដាលឲ្យខ្ទាតដួលទៅចិញ្ចើមផ្លូវ​៖ ចំណែកម៉ូតូជនរងគ្រោះម៉ាក PCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1DC-5728 ជិះ៣នាក់ប្ដីប្រពន្ធ និងកូនបានទៅបុកគួទរថយន្ដបត់ឆ្លងផ្លូវ ម៉ាក Morning ពណ៌​ស គ្មានស្លាកលេខ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកប្ដីបានស្លាប់ពេលបញ្ជូនទៅពេទ្យដល់ពាក់កណ្ដាលផ្លូវ រីឯកូនប្រុសអាយុ២ឆ្នាំកន្លះ​រងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។

ចំណែកជនសង្ស័យត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុចាប់វាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួនរួចទើបប្រគល់ឲ្យសមត្ថកិច្ច យកទៅសាកសួរនៅប៉ុស្តិ៍​នគរបាល​ដង្កោ​។ ក្រោយមក​ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដង្កោប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ នគរ​បាលស្ទឹងមានជ័យ ដើម្បីចាត់ការបន្ត​ព្រោះជាម្ចាស់ករណី​។ ចំណែកឯរថយន្ត និងម៉ូតូរងគ្រោះ រួមទាំងម៉ូតូរបស់ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រយនៅពេលក្រោយ​។

បើតាមការសាកសួររបស់សមត្ថកិច្ច និងចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះនៅមុខសាលាបឋមសិក្សាភូមិឫស្សី សង្កាត់​ស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២១៧ ពិតប្រាកដមែន​។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសាកសួរបន្តនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងកសាងសុំណុំរឿងបញ្ជួនទៅអធិការខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង