គណះកម្មារការចម្រុះចុះបិទទីតាំងផលិតទឹកកកគ្មានច្បាប់ទម្លាប់មួយកន្លែង ក្រោយធ្លាយឧស្ម័នអាម៉ូញ៉ាក់២លើក
ភ្នំពេញ៖ គណះកម្មារការចម្រុះ រួមមានមន្ត្រីមន្ទីរឧស្សាហកម្ម ប្រធានការិយាល័យខណ្ឌ អធិការរង មេបញ្ជាការរងអាវុធហត្ថ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះផ្អាកទីតាំងផលិតទឹកកកមួយកន្លែងស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពិសេសធ្លាប់កើតមានបាតុភាពធ្លាយបំពង់ឧស្ម័នអាម៉ូញ៉ាក់ ចំនួន២លើក បង្កឲ្យឧស្ម័នសាយភាយមកខាងក្រៅរបួសមនុស្ស៦នាក់ផងដែរ។
លោក ឌី ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឲ្យដឹងថា ដោយមានបញ្ជារផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជារឲ្យអាជ្ញាធរខណ្ឌមានជ័យ ធ្វើយ៉ាងណាត្រូវសហការណ៍ជាមួយមន្ត្រីជាមួយពាក់ព័ន្ធចុះបិទទីតាំងផលិតទឹកកកខាងលើនេះជាបន្ទាន់ ក្រោយកើតមានបាតុភាពធ្លាយបំពង់ឧស្ម័នអាម៉ូញ៉ាក់ ចំនួន២លើកបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋ។ អភិបាលរងខណ្ឌមានជ័យដដែលបន្តថា ទីតាំងខាងលើនេះគឺជាទីតាំងគ្មានច្បាប់ទម្លាប់ត្រឹមត្រូវពីក្រសួង ឬមន្ទីរពាក់ព័ន្ធឡើយ ហើយចំពោះសង្វាក់ផលិតកម្ម នៃការផលិតទឹកកក គឺពុំមានលក្ខណះបទដ្ឋានបច្ចេកទេសតាមជំនាញអ្វីទាំងអស់។
គួររំលឹកថា ទីតាំងខាងលើ គឺធ្លាប់កើតមានបាតុភាពធ្លាយបំពង់ឧស្ម័នចំនួន២លើក ដែលលើកទី១កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី២ កាលពីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ។ ចំពោះករណីទាំង២លើក បានបណ្តាលឲ្យមន្ត្រីនគរបាលជំនាញអគ្គីភ័យ៦នាក់ត្រូវរងរបួសសន្លប់ជាច្រើនម៉ោង។
ឯកឧត្តម ចាន់ ប៉ូរិន អគ្គនាយកនៃវិទ្យាស្ថានស្តង់ដារកម្ពុជា ឧស្ម័នអាម៉ូញាក់ គឺជាឧស្ម័នដែលអាចធ្វើឲ្យទឹកកក កកលឿនឆាប់រហ័សបំផុត។ បន្ថែមពីនោះផលប៉ះពាល់របស់វា គឺវាអាចធ្ឲ្យមនុស្សហូរទឹកភ្នែក អស់កម្លាំង និងស្លេកស្លាំងជាដើមប្រសិនបើយើងស្រូបក្លិនរបស់វាចូលក្នុងខ្លួនប្រាណតិចល្មម។ ប៉ុន្តែក្នុងករណីប្រសិនបើយើងស្រូបក្លិននេះចូលក្នុងខ្លួនប្រាណច្រើន វាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សួតរបស់យើង និងពិសេសអាចឲ្យមនុស្សសន្លប់បាត់បង់ស្មារតីក្នុងពេលមួយបប្រិច៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង
មតិលើបញ្តាញសង្គម Facebook