នាំមកជូនដោយ៖

សមត្ថកិច្ចបង្ហាញមុខសញ្ញាចាស់ដែលធ្លាប់ប្លន់ក្នុងរាជធានីកន្លងមក(Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ សមត្ថកិច្ចខណ្ឌមានជ័យបានធ្វើការបង្ហាញមុខសញ្ញាចាស់ដ៏សកម្មនូវអំពើប្លន់ក្នុងរាជធានីកន្លងមក ដែលទើបឃាត់ខ្លួនបានលើករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតបីនាក់កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៧ៈ៣០នាទី ចំណុចមុខផ្ទះសំណាក់ កេសីវលក្ខណ៍ ផ្លូវលេខ៣៧១ ក្រុមទី០១ ភូមិត្នោតជ្រុំ៥ សង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ។

លោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នោះមាន ទី១ ឈ្មោះ ចាន់ ហុងយុក ហៅ ពេជ្រ ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ សន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី២ ឈ្មោះ ជា សុថារិទ្ធ ហៅ រ័ត្ន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាងសំណង់ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ទី៣ ឈ្មោះ នួន សុជាតា ហៅ ជាតិ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

ក្រោយការឃាត់ខ្លួននោះសមត្ថកិច្ចរឹបអូសបានវត្ថុតាងមួយចំនួនរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ១២កញ្ចប់ថង់ (កញ្ចប់ធំ០៦,កញ្ចប់តូច០៦), ជញ្ជីងអេឡិចត្រូនិច០១ , ស្លាបព្រាសម្រាប់ចូកថ្នាំញៀន ០១, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ,ទូរស័ព្ទដៃចាស់០២គ្រឿង និង អាវុធខ្លី០១ដើម ម៉ាកកា៥៤ លេខ ២២៥០ ,បង់០១,គ្រាប់ចំនួន ០៧គ្រាប់។

លោកអធិការ រូបនេះបានរៀបរាប់ពីដំណើររឿងថា នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន និង កម្លាំងនគរបាលខណ្ឌមានជ័យ បាន ធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានសង្កាត់បឹងទំពុនទី២ ហើយពេលមកដល់ចំណុច មុខផ្ទះសំណាក់ កេសីវលក្ខណ៍ ផ្លូវលេខ៣៧១ ក្រុមទី០១ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំនុចកើតហេតុ) ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ចាន់ ហុងយុក ហៅ ពេជ្រ កំពុងឈរនៅមុខផ្ទះសំណាក់ កេសីវលក្ខណ៍ ដោយមានការសង្ស័យសមត្ថកិច្ចយើងបានហៅត្រួតពិនិត្យឃើញក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ១០កញ្ចប់ថង់ (កញ្ចប់តូច០៤,កញ្ចប់ធំ០៦) ក៏ឃាត់ខ្លួនជនសង្ស័យ ចាន់ ហុងយុក ហៅ ពេជ្រ យកមកសាកសួរ នៅស្នាក់ការប៉ុស្តិ៍បឹងទំពុន ពេលនោះសង្ស័យឈ្មោះ ចាន់ ហុងយុកហៅ ពេជ្រ បានឆ្លើយសារភាពចំពោះថ្នាំញៀន គឺរូបនាងបានទិញពីបុរសម្នាក់ឈ្មោះ ជា សុថារិទ្ធ ហៅ រ័ត្ន នៅ ផ្ទះសំណាក់ វិច្ឆិកា សង្កាត់ទូលទំពូង២ ខណ្ឌចំការមន ភ្លាមនោះសមត្ថកិច្ចយើងបានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា សុថារិទ្ធ ហៅ រ័ត្ន និងបានចាប់យកវត្ថុតាង ជញ្ជីងអេឡិចត្រូនិច០១គ្រឿង , ក្រាមពណ៍សថ្លាចំនួន០២កញ្ចប់ថង់ធំ, អាវុធខ្លី០១ដើម ម៉ាកកា៥៤ លេខ ២២៥០ ,បង់០១,គ្រាប់ចំនួន ០៧គ្រាប់ យកមកសាកសួរនៅប៉ុស្តិ៍បឹងទំពុនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង


ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង