នាំមកជូនដោយ៖

អាជ្ញាធរ​កម្ពុជា៖​ ​ភាគី​ថៃ​យល់​ព្រម​បន្ធូរបន្ថយ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​សម្រាប់​ពលករ​ខ្មែរ


ទំហំអក្សរ៖ S M L

ក្រោយ​ពី​អាជ្ញាធរ​ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ខុស​ច្បាប់​ ​ហើយ​បញ្ជូន​មក​កម្ពុជា​វិញ​នោះ​ រដ្ឋាភិបាល​កម្ពុជា​ បាន​ស្វះស្វែង​រក​ការ​បន្ធូរបន្ថយ​ពី​ភាគី​ថៃ​ ដើម្បី​សម្រួល​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​អាច​បន្ត​ធ្វើ​ការ​នៅ​ទីនោះ​ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​វិល​មក​កម្ពុជា​វិញ។​ អ្នក​តាម​ដាន​ស្ថាន​ភាព​ពលករ​ខ្មែរ​នៅ​តាម​ទល់​ដែន​ខ្មែរ​ថៃ​ យល់​ថា​ ​រដ្ឋាភិបាល​គួរ​ប្រឹងប្រែង​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ ជា​ជាង​ការ​សម្រប​សម្រួល​ឲ្យ​ពលរដ្ឋ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ថៃ។
រដ្ឋាភិបាល​ថៃ​យល់ព្រមបន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ពលករ​ខ្មែរ​ដែល​បាន​លួច​ចូល​ធ្វើ​ការ​ទឹកដី​ថៃ​ ​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​និង​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ជា​បន្តបន្ទាប់​ត្រឡប់​មកវិញ​ចាប់​តាំង​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ចុះ​ថ្ងៃ​ទី​៧​ ខែ​កក្កដា​នេះ​ បាន​ឲ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​ថៃ​មិន​អនុវត្ត​ទោស​ពិន័យ​ចំពោះ​និយោជក​ថៃ​ ដែល​កំពុង​ប្រើ​ប្រាស់​ «កម្លាំង​ពលករ​កម្ពុជា​ ដែល​គ្មាន​ឯកសារ​នោះ​ទេ​ ហើយ​រាជរដ្ឋាភិបាល​ថៃ​ក៏​មិន​បណ្តេញ​ពលករ​កម្ពុជា​ ដែល​បាន​ចូល​ក្នុង​ទឹកដី​ថៃ​ ហើយ​កំពុង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ ​ឬ​រោងចក្រ​ណាមួយ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ដែរ»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា ​បាន​កើត​មាន​ឡើង​ ​ក្រោយ​ការ​មក​ដល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា​ លោក​ អ៊ិត សំហេង​ ​ដែល​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ភាគី​ថៃ​បាន​ព្រមព្រៀង​សម្រួល​លក្ខខណ្ឌ​ការងារ​ដល់​ពលករ​កម្ពុជា​ ​ដើម្បី​អាច​ឲ្យ​ពួកគេ​បាន​បន្ត​ធ្វើការ​នៅ​ប្រទេស​ថៃ​ នៅ​គ្រា​មាន​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្តី​ពី​ការងារ​ថ្មី​មួយ។​

 

 

លោក អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ នៅឯ​ព្រលាន​យន្តហោះ​ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​អំពី​បញ្ហា​ពលករ​ចំណាក​ស្រុក​ ថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

​លោក​ អ៊ិត សំហេង​ ថ្លែង​ប្រាប់​ ក្រុម​អ្នក​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា​ រដ្ឋាភិបាល​ថៃ​បាន​ពន្យារ​ពេល​អនុវត្ត​ច្បាប់​ការងារ​ថ្មី​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ ដើម្បី​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​មាន​ពេល​ទទួល​បាន​សិទ្ធិ​ពេញ​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​នៅ​ទីនោះ។​ លោក​ពន្យល់​ថា​ ភាគី​ថៃ​ បាន​កែទម្រង់​លក្ខខណ្ឌ​បទបញ្ញត្តិ​មួយ​ចំនួន​ដែល​អាច​បើក​ផ្លូវ​ពលករ​ខ្មែរ​ ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាន។

លោក​ ​អ៊ិត សំហេង​ ថ្លែង​ថា៖​

«ឥឡូវ​នេះ​ គឺ​គោលការណ៍​ថ្មី​ ទោះបី​ថា ​បងប្អូន​បាន​ធ្វើ​លិខិត​ឆ្លង​ដែន​ហើយ​ពីមុន​ នៅ​រោងចក្រ​មួយ​ ប៉ុន្តែ​ឥឡូវ​ផ្លាស់​ទៅ​នៅ​រោងចក្រ​មួយ​ទៀត​ ធ្វើការ​រោងចក្រ​មួយ​ទៀត​ ឬ​មួយ​ទៅ​កន្លែង​ខេត្ត​មួយ​ទៀត​ អញ្ចឹង​គឺ​ ក៏​នៅ​តែ​អាច​ នែ៎​មក​ធ្វើ​បែបបទ​ សុំ​អា​ដេញ​នែ៎​ ទិដ្ឋាការ​ស្នាក់នៅ​ ហើយ​និង​ទិដ្ឋាការ​ការងារ​បាន​ដែរ​បាទ។ នេះ​ជា​កំណែទម្រង់​ថ្មី​មួយ​ ដែល​ខ្ញុំ​គិត​ថា​ ខ្ញុំ​ក៏​អបអរសាទរ​ដែរ​ ហើយ​ក៏​សម្រួល​បាន​ទៅដល់​ពលករ​របស់​យើង​ កន្លងមក​មាន​លិខិត​ឆ្លង​ដែន​ហើយ​មិន​ទាន់​បាន​ទទួល​ ហើយ​ប្តូរ​កន្លែង​ធ្វើ​ការ​បាទ»។

​ទោះ​ជា​ការ​បញ្ជូន​ពលករ​ចេញ​ពី​ប្រទេស​ថៃ​រាប់ពាន់​នាក់​ត្រូវ​គេ​ថា​បាន​កើតមាន​ឡើង​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ លោក​ អ៊ិត​ ហេង​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ត​ថា​ ក្រសួង​ការងារ​ថៃ​បាន​បញ្ជាក់​ប្រាប់​លោក​ថា​ រដ្ឋាភិបាល​ថៃ​គ្មាន​ចេតនា​បណ្តេញ​ពលករ​ខ្មែរ​ចេញ​ពី​ប្រទេស​ថៃ​នោះ​ឡើយ។​

រដ្ឋ​មន្ត្រី​ការងារ​រូប​នេះ​បញ្ជាក់​ថា៖​

«ក្រសួង​ការងារ​ថៃ​ក៏បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ដែរ​ថា​… រដ្ឋាភិបាល​ថៃ​ អាជ្ញាធរ​ថៃ​ គ្មាន​បំណង​ណាមួយ​នឹង​បណ្តេញ​ពលករ​យើង​ចេញ​ពី​ព្រះ​រាជាណាចក្រ​ថៃ​ទេ​បាទ។​ ​ទោះ​បី​ថា​ ពលករ​ដែល​កំពុង​ធ្វើ​ការងារ​ដោយ​ស្រប​ច្បាប់​ ឬ​មួយ​ក៏​មិន​ស្រប​ច្បាប់»។

​លោក​រដ្ឋមន្ត្រី​ អ៊ិត សំហេង​ ​បាន​បន្ថែម​ថា​ ​រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើត​ក្រុមការងារ​ និង​មជ្ឈមណ្ឌលផ្តល់​ឯកសារ​រដ្ឋបាល​នៅ​តាម​ខេត្ត​ធំៗ​ដែល​មាន​ពលករ​ខ្មែរ​មាន​តម្រូវការ​ធ្វើ​លិខិត​ឆ្លង​ដែន​ច្រើន​ ហើយនិង​ក្រុម​ការងារ​ចល័ត​ចំនួន​បួន​ក្រុម​ដែល​ក្នុង​មួយ​ក្រុម​នឹង​ទៅ​ដល់​រោងចក្រ​ក្នុង​ប្រទេស​ថៃ​ចំនួន​៥០​រោងចក្រ។​ យន្តការ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ចំនួន​១៦​ម៉ឺននាក់​ មាន​លិខិត​ពេញ​ច្បាប់​សម្រាប់​ធ្វើការ​នៅ​ប្រទេស​ថៃ។ លោក​ជឿ​ថា​ក្នុង​រយៈពេល​ ១០០ថ្ងៃ​ ពលករ​ខ្មែរ​ទាំង​នោះ​ នឹង​មិន​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់​ ​ទាក់​ទិន​លិខិត​ឆ្លងដែន​សម្រាប់​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​នោះ​ឡើយ។ ​រដ្ឋមន្ត្រី​រូប​នេះ​ ​អះអាង​បន្ត​ថា​ ក្រុម​ការងារ​ដែល​នឹង​បង្កើត​ឡើង​ឆាប់ៗ​នេះ​ នឹង​ផ្តើម​ធ្វើការ​ជាមួយ​ពលករ​នេសាទ​ខ្មែរ​ចំនួន​៤៧.០០០​នាក់​មុន។ លោក​ថា ​ពលករ​នេសាទ​ម្នាក់ៗ​នឹង​ទទួល​បាន​លិខិត​ឆ្លងដែន​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ ​ហើយ​ក្រុម​ការងារ​នឹង​ធ្វើ​ឲ្យ​បាន​៥០០​លិខិត​ឆ្លងដែន​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ។

​ពលករ​ខ្មែរ​រាប់ពាន់​នាក់​ដែល​ភ័យ​ខ្លាច​ការ​អនុវត្ត​ច្បាប់​ការងារ​ថ្មី​របស់​ថៃ​ បាន​ធ្វើ​ដំណើរ​ ឬ​ត្រូវ​ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​ ​បន្ទាប់​ពី​ច្បាប់​ការងារ​ថ្មី​របស់​ថៃ​ចូល​ជា​ធរមាន។​ ​ច្បាប់​ថ្មី​ដែល​ចងក្រង​ដោយ​រដ្ឋបាល​យោធា​របស់​ថៃ​បាន​ធ្វើការ​រឹតត្បិត ​និង​ដាក់​ទោស​ទណ្ឌ​លើ​ពលករ​ខុសច្បាប់​ពី​ប្រទេស​នា​នា​ដូច​ជា​ឡាវ​ កម្ពុជា​ ​និង​មីយ៉ាន់ម៉ា​ជា​ដើម។

យ៉ាងណា​ក៏​ដោយ​ ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ ​ដែល​ VOA​ បាន​ទទួល​នា​ថ្ងៃ​សុក្រ​ ​បាន​បញ្ជាក់​ថា​ ក្រសួង​ការងារ​ថៃ​នឹង​ផ្តល់​ឱកាស​ចំនួន​ ​១៥ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី​៧​ ខែ​សីហា​ ឆ្នាំ​ ២០១៧​ ដល់​ពលករ​កម្ពុជា​ និង​និយោជក​ថៃ​ ដែល​មិន​ទាន់​មាន​ឯកសារ​អ្វី​ទាំង​អស់​ឲ្យ​ទៅចុះ​ឈ្មោះ​នៅ​តាម​ការិយាល័យ​ចុះ​បញ្ជី​ពលករ​បរទេស។ ក្រសួង​ការងារ​ថៃ​ នឹង​បើក​ការិយាល័យ​ចុះឈ្មោះ​ពលករ​បរទេស​ចំនួន​ ១០​កន្លែង​ នៅ​ក្នុង​ទី​ក្រុង​បាងកក​ និង​ចំនួន​ ១​កន្លែង​ នៅ​ក្នុង​ខេត្ត​នីមួយៗ​នៃ​ប្រទេស​ថៃ។

គណៈកម្មការ​ដដែល​បាន​បញ្ជាក់​ថា​ ​ភាគី​ថៃ​បាន​ឯកភាព​តាម​សំណើ​របស់​កម្ពុជា​ក្នុង​ការ​រៀបចំ​យុទ្ធនាការ​១០០​ថ្ងៃ​ បើក​ផ្តល់​លិខិត​ឆ្លង​ដែន/លិខិត​ធ្វើ​ដំណើរ​ និង​ប័ណ្ណ​ OCWC ឬ​ប័ណ្ណ​ពលករ​ខ្មែរ​ធ្វើការ​ក្រៅ​ប្រទេស​ ​ដល់​ពលករ​កម្ពុជា​ឲ្យ​បាន​ចំនួន​ ១៦ម៉ឺន​នាក់​ ដែល​បាន​ធ្វើ​ការ​បញ្ជាក់​អត្តសញ្ញាណ​ជាមួយ​គណៈកម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​រួចហើយ​នា​ពេល​កន្លងមក​ ទោះ​បី​ជា​ពលករ​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​និយោជក​ ឬ​ក្រុមហ៊ុន​ខុស​ពី​ក្នុង​ឯកសារ​ដើម​ក៏ដោយ។

​យុទ្ធនាការ​នេះ​ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១​ ខែ​សីហា​ ឆ្នាំ២០១៧​នេះ​ ដោយ​គណៈកម្មការ​នឹង​បញ្ជូន​ក្រុម​ចល័ត​ចំនួន​ ៤ក្រុម​បន្ថែម​ទៀត​ ដើម្បី​ចុះ​បើក​ផ្តល់​តាម​រោងចក្រ​ធំៗ​ទាំង​ ២០០​រោងចក្រ​ ដែល​មាន​ប្រើ​ប្រាស់​ពលករ​កម្ពុជា​លើស​ពី​៧០​នាក់។​ កម្រៃ​សេវា​ផ្លូវការ​ក្នុង​ការ​បើក​ផ្តល់​សំណុំ​ឯកសារ​ ដែល​ភាគី​ថៃ​ និង​កម្ពុជា​ បាន​ឯកភាព​គ្នា​ គឺ​ ​៩៥០​បាត​ ​(ឬ​ប្រមាណ​ ២៨​ដុល្លារ​អាមេរិក)។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​លោក​ ​ហេង សួ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ ​ទាក់​ទិន​នឹង​នីតិវិធី​ពន្លឿន​ការ​ផ្តល់​លិខិត​ឆ្លងដែន​ដល់​ពលករ​ក្នុង​យុទ្ធនាការ​ ​១០០ថ្ងៃ​នោះ​ តែ​នៅ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

​គណៈកម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ បាន​ឲ្យ​ដឹង​ទៀត​ថា ​ភាគី​ថៃ​បាន​យល់ព្រម​ឲ្យ​ពលករ​កម្ពុជា​ ដែល​មិន​ទាន់​មាន​លិខិត​ធ្វើ​ដំណើរ​និង​ប័ណ្ណ​ OCWC ​ទៅ​សុំ​ភាព​ស្រប​ច្បាប់​ពី​អាជ្ញាធរ​ថៃ​ ដោយ​កំណត់​យន្តការ​បញ្ជាក់​អត្តសញ្ញាណ​ពលករ​ និង​បើក​ផ្តល់​ឯកសារ​ ជូន​ពលករ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ ហើយ​ពលករ​អាច​ទៅ​សុំ​ទិដ្ឋាការ​ស្នាក់​នៅ​ (Stay Permit) និង​ទិដ្ឋាការ​ការងារ​ (Work Permit) ពី​ភាគី​ថៃ​នៅ​កន្លែង​តែមួយ​តែ​ម្តង។​

យុទ្ធនាការ​នេះ​នឹង​ចាប់​ផ្តើម​ក្នុង​សប្តាហ៍​ទី​មួយ​នៃ ​ខែ​សីហា​ ឆ្នាំ​២០១៧​ ដោយ​មាន​ក្រុម​ការងារ​ចំនួន​ ២០ក្រុម​បន្ថែម​ទៀត​ ហើយ​ផ្តើម​ចេញ​ពី​ពលករ​ផ្នែក​នេសាទ​ក្នុង​ខេត្ត​រ៉ាក់យ៉ង​ និង​ផ្នែក ឬ​ខេត្ត​ផ្សេង​ទៀត​ជា​បន្តបន្ទាប់។ កម្រៃ​សេវា​ផ្លូវ​ការ​ក្នុង​ការ​ធ្វើ​ និង​បើក​ផ្តល់​សំណុំ​ឯកសារ​ក្នុង​ថ្ងៃ​តែមួយ​ ដែល​ភាគី​ថៃ​ និង​កម្ពុជា​បាន​ឯកភាព​គ្នា​គឺ​ ២៣៥០​បាត​ (ឬ​ប្រមាណ​ ៦៩​ដុល្លារ​អាមេរិក)។

VOA​ មិន​អាច​ទាក់​ទង​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ដើម្បី​សុំ​ក្តី​អធិប្បាយ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

អ្នក​ឃ្លាំ​មើល​ស្ថានភាព​ពលករ​ចំណាកស្រុក​ខ្មែរ​ នៅ​ទល់ដែន​ខ្មែរ​ថៃ​ សាទរ​ចំពោះ​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​មួយ​ចំនួន​ ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ និង​មាន​បំណង​ឆ្លង​ចូល​ទៅ​ធ្វើ​ការ​នៅ​ទឹកដី​ថៃ​វិញ​ តែ​រយៈពេល​ដែល​បាន​លើក​ឡើង​នោះ​ អាច​ជា​ការពិបាក​ដល់​មន្ត្រី​ថា្នក់​ក្រោម​អនុវត្តន៍​តាម។

​លោក ​ស៊ុំ ចាន់គា​ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ ប្រចំា​ខេត្ត​បន្ទាយមានជ័យ​ប្រាប់ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះថា​ ​រដ្ឋាភិបាល​គួរ​ផ្តោត​ការ​ប្រឹងប្រែង​លើ​ការ​បង្កើត​ការងារ​ក្នុង​ស្រុក​ដល់​ពលរដ្ឋ​ខ្លួន​ ដែល​បាន​ឆ្លងកាត់​ការ​លំបាក​ជាច្រើន​ នៅ​ពេល​ពួក​គេ​ប្រថុយប្រថាន​ផ្ញើ​ជីវិត ​និង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ៖

«គ្មាន​អ្នកណា​មួយ​ដែល​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទេ​ ហើយ​ឆ្ងាយ​ប្រពន្ធ​កូន​ទេ​ ឆ្ងាយ​ស្រុក​កំណើត​ទេ​ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​ ខ្ញុំ​គិត​ថា​ គួរ​តែ​គាត់​រៀបចំ​នៅ​ក្នុង​ប្រទេស​យើង​វិញ​ ជា​ការ​ប្រសើរ​ជាង​ រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​ ឬ​ក៏​ពលករ​ទាំង​អស់​ហ្នឹង​ ទៅ​ធ្វើ​កម្មករ​គេ​ នៅ​ប្រទេស​ក្រៅ​ ព្រោះ​មិន​មែន​ជា​អ្វី​ដែល​ផល​ចំណេញ​ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​អាច​ជួប​ហានិភ័យ​ច្រើន​ខ្លាំង»។

លោក ​ស៊ុំ ចាន់គា​ បន្ត​ថា​ ពលករ​ខ្មែរ​បាន​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ជា​ច្រើន​ ក្នុង​ពេល​ពួក​គេកំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។​

​«កន្លង​មក​យើង​ឃើញ​ថា​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​កន្លង​មក​ ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ កន្លងមក​ត្រូវ​បាន​គេ​វាយ​ធ្វើបាប​ ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​ប្រភេទ​ ​ប៉ុន្តែ​ថា​ តើ​រដ្ឋាភិបាល​យើង​បាន​រក​យុត្តិធម៌​ឲ្យ​ទេ​ រហូត​ដល់​ថៅកែ​ថៃ​ ​បាញ់​ខ្មែរ​យើង​ បាញ់​ស្លាប់​នៅ​មុខៗ​ ហើយ​តើ​មាន​ទទួល​បាន​នូវ​យុត្តិធម៌​អត់​ នៅ​ពេល​មក​ដល់​ពេល​នេះ។​ យើង​ឃើញ​ អញ្ចឹង​ហើយ​គួរ​តែ​ខ្មែរ​យើង​បាន​ទទួល​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​រដ្ឋាភិបាល​ខ្លួនឯង​ ​ធ្វើ​ការ​នៅ​ក្នុង​ស្រុក​ខ្លួនឯង​ ​ទទួល​បាន​កម្រៃ​សមរម្យ​ ​សម្រាប់​ទៅ​លើ​កម្លាំង​ពលកម្ម​របស់​ខ្លួន​បាទ»។

លោក​ ស៊ុំ​ ចាន់​គា​ អះអាង​ថា អ្វី​ដែល​ក្រសួង​ការងារ​កំពុង​ធ្វើ​ គឺ​គ្រាន់​តែ​ព្យាយាម​ធ្វើ​ឲ្យ​ពលករ​ខ្មែរបាន​ស្ងប់​ចិត្ត​តែ​ប៉ុណ្ណោះ​ ព្រោះ​ពេល​វេលា​ដែល​បាន​កំណត់​ដូច​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​មាន​រយៈពេល​ខ្លី​ សម្រាប់​ជួយ​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ឲ្យ​ទទួល​បានលិខិត​អនុញ្ញាត​ធ្វើ​ការ​ពេញ​ច្បាប់​នៅ​ប្រទេស​ថៃ។​

​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៤​ ពលករ​ខ្មែរ​ជាង​១៧​ម៉ឺន​នាក់​ត្រូវ​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​ប្រទេស​ថៃ ​ក្រោយ​ពី​របប​យោធា​ថៃ​បង្ក្រាប​លើ​ពលករ​ខុស​ច្បាប់​ក្នុង​ប្រទេស​ខ្លួន។ របាយការណ៍​មួយ​របស់​អង្គការ​ការពារ​សិទ្ធិ​ពលករ​បង្ហាញ​ថា ​យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ១​លាន​នាក់​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ ទាំង​ស្រប​ច្បាប់ ​និង​ខុសច្បាប់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង