នាំមកជូនដោយ៖

អ្នក​ភូមិ​នៅ​ស្រុក​ឈូក​ចោទ​ឈ្មួញ​ទិញ​ដី​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ថា​តែង​ប្រើ​ហិង្សា​​យក​ដី​ពលរដ្ឋ


ទំហំអក្សរ៖ S M L

ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​ចោទ​ឈ្មួញ​ទិញ​ដី​ឲ្យ​ក្រុមហ៊ុន​ជប៉ុន មួយ​ថា តែង​តែ​ប្រើ​កម្មករ​ស៊ី​ឈ្នួល​ឈូស​ឆាយ​ដី​ឲ្យ​វាយ​ធ្វើ​បាប និង​ដុត​ផ្ទះ​អ្នក​ភូមិ​ព្រៃពាយ ដើម្បី​យក​ដី​រាប់ពាន់​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន អភិវឌ្ឍ​ដាំ​ដំណាំ​ម្រេច​កំពត។

អ្នក​ភូមិ​ព្រៃពាយ ចោទ​ថា អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​នៅ​ខេត្ត​កំពត សុទ្ធ​តែ​ខ្លាច​អំណាច​របស់​ប្ដី​ប្រពន្ធ​ឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ដែល​អ្នក​ទាំង​ពីរ​តែង​តែ​ប្រើ​កម្មករ​ស៊ី​ឈ្នួល​ឈូស​ឆាយ​ដី​ឲ្យ​ដណ្ដើម​យក​ពី​អ្នក​ភូមិ​ព្រៃពាយ បាន​កាប់​រាន​កាល​ពី​ជាង ១០​ឆ្នាំ​មុន។

ក្រុម​អ្នក​ភូមិ​រាប់​ពី​ក្មេង​ដល់​ចាស់ ទាំង​ប្រុស ទាំង​ស្រី បាន​រាប់​រៀប​ថា លោកស្រី ហ៊ាង គន្ធី ដែល​មាន​ងារ​ជា​ជំទាវ​តែង​តែ​បញ្ជា​ឲ្យ​កម្មករ​វាយ​អ្នក​ភូមិ​ណា​ដែល​មិន​ព្រម​ប្រគល់​ដី​ឲ្យ។ បច្ចុប្បន្ន​អ្នក​ភូមិ​ព្រៃពាយ គ្មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ដី​ដែល​ពួកគេ​ធ្លាប់​កាន់​កាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៤ នោះ​ទេ។

អ្នក​ភូមិ​ព្រៃពាយ ម្នាក់ លោក ថន សុខា ប្រាប់​ថា ឈ្មួញ​ដី​ឈ្មោះ អាំ ផល្លីន និង​ប្រពន្ធ​ឈ្មោះ ហ៊ាង គន្ធី កាល​ពី​ឆ្នាំ​២០១៤ បាន​បង្ខំ​ឲ្យ​អ្នក​ភូមិ​លក់​ដី​ក្នុង​តម្លៃ​ទាប​បំផុត​គឺ ១​ហិកតារ ៣០០​ដុល្លារ​ទៅ​ឲ្យ​ពួក​គេ។ លោក​បន្ត​ថា ឈ្មួញ​ដី​បាន​បង្ខំ​ឲ្យ​អ្នក​ភូមិ​លក់​ដី​ទាំង​អ្នក​ភូមិ​មិន​ពេញ​ចិត្ត ក្រោយ​មក​ឈ្មួញ​ដី​បាន​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​ផ្ទះ និង​ដី​ដែល​ធ្លាប់​ធ្វើ​ស្រែចម្ការ​ជា​ថ្នូរ​នឹង​លុយ ២០​ម៉ឺន​រៀល អង្ករ​មួយ​បាវ មី​មួយ​កេស និង​ប្រាប់​អ្នក​ភូមិ​ថា ជា​អំណោយ​កាកបាទក្រហម៖ «»។

ចំណែក​អ្នក​ភូមិ​ម្នាក់​ទៀត លោក ទន់ រ៉ន ប្រាប់​ថា ផ្ទះ​របស់​លោក​ចំនួន ២ ត្រូវ​បាន​ឈ្មួញ​ដុត និង​រុះ​រើ​ចោល៖ «»។

ក្រុម​អ្នក​ភូមិ​ព្រៃពាយ បាន​ប្រជែង​គ្នា​រៀបរាប់​ពី​សកម្មភាព​ដែល​ឈ្មួញ​ទិញ​ដី​បញ្ជា​ឲ្យ​កម្មករ​វាយ​ធ្វើ​បាប​អ្នក​ភូមិ។ អ្នក​ខ្លះ​ប្រាប់​ថា ឈ្មួញ​ដី គឺ​អ្នកស្រី ហ៊ាង គន្ធី បាន​ប្រកាស​នៅ​មុខ​សាលាឃុំ​ត្រពាំងភ្លាំង ថា មួយ​ខែត្រ​កំពត​នេះ គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​ជាមួយ​អ្នកស្រី​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី កែន ភ័ណ្ឌ អះអាង​ថា កូន​ចៅ​របស់​អ្នកស្រី ហ៊ាង គន្ធី បាន​វាយ​អ្នកស្រី​ដោយ​ចាប់​បោក​ទៅ​លើ​គោយន្ត បន្ទាប់​មក​រឹប​អូស​យក​គោយន្ត​អ្នកស្រី​ថែម​ទៀត។ អ្នកស្រី​ហៅ​ទង្វើ​របស់​បក្សពួក​ឈ្មួញ​ដី​នៅ​ឃុំ​ត្រពាំងភ្លាំង ថា​មាន​ភាព​សាហាវ​ឃោរឃៅ។ អ្នកស្រី​អះអាង​ថា ឈ្មួញ​ដី​បាន​ព្រមាន​ថា ជីវិត​អ្នក​ភូមិ​មាន​តម្លៃ​មិន​ស្មើ​នឹង​សំបក​កង់​ឡាន​មួយ​គ្រាប់​របស់​ឈ្មួញ​នោះ​ទេ៖ «»។

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃពាយ ប្រាប់​ថា កុំ​ថា​ឡើយ​ទៅ​ធ្វើ​ស្រែ ឬ​ចូល​ទៅ​ក្នុង​ដី​របស់​ពួកគាត់​ដែល​ឈ្មួញ​ដណ្ដើម​យក​នោះ សូម្បី​ស្នើ​ឲ្យ​នាំ​អ្នក​សារព័ត៌មាន​ទៅ​មើល​ក៏​អ្នក​ភូមិ​នៅ​មាន​ភាព​ញញើត​មិន​ហ៊ាន​នាំ​ទៅ​ដែរ។ អ្នក​ភូមិ​ប្រាប់​ថា សូម្បី​តែ​មេ​ឃុំ មេ​ប៉ុស្តិ៍ អភិបាល​ស្រុក មេ​ព្រៃ​ឈើ រហូត​ដល់​មន្ត្រី​នៅ​ថ្នាក់​ខេត្ត សុទ្ធ​តែ​ខ្លាច​អំណាច​ឈ្មួញ​ដី​ឲ្យ​ក្រុមហ៊ុន អេម៉ារីអូ ហ្សូណាន់ ម៉ារីន ខបភើរេសិន (Emario Shonan Marine Corporation Ltd.) របស់​ជប៉ុន ដែល​វិនិយោគ​ដំណាំ​ម្រេច។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ឈ្មួញ​ដី អ្នកស្រី ហ៊ាង គន្ធី បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា។

ពលរដ្ឋ​នៅ​ភូមិ​ព្រៃពាយ ប្រាប់​ថា ឈ្មួញ​ដី​មិន​ត្រឹមតែ​ដណ្ដើម​យក​ដី​ពី​ពលរដ្ឋ​នោះ​ទេ សូម្បី​ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋ​ផ្ដល់​ឲ្យ​ជន​ពិការ ក៏​ឈ្មួញ​ប្រើ​ហិង្សា​បង្ខំ​ឲ្យ​ជន​ពិការ​ដូរ​ដី​ចេញ​ពី​សម្បទាន​សង្គមកិច្ច​ដែល​ទទួល​បាន​ដែរ។

អតីត​យោធិន​ពិការ​ជើង​ម្ខាង ដែល​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១១ លោក ហេង សឿន ប្រាប់​ថា ឈ្មួញ​ទិញ​ដី​ប្រើ​ហិង្សា​ឃោរឃៅ​លើ​លោក និង​ជន​ពិការ​ផ្សេង​ទៀត​ដើម្បី​បង្ខំ​ឲ្យ​ជន​ពិការ​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋ ដូរ​ទៅ​រស់​នៅ​ដី​ផ្សេង​ទៀត ដោយ​ឈ្មួញ​បាន​យក​ពី​អ្នក​ភូមិ។ លោក ហេង សឿន ប្រាប់​ថា លោក​ធ្លាប់​ត្រូវ​ឈ្មួញ​ដី​ប្រើ​ហិង្សា​វាយ​ឲ្យ​សន្លប់ ២​ដង​នៅ​ក្នុង​ផ្ទះ​របស់​លោក និង​ឈ្មួញ​គំរាម​សម្លាប់​ជា​ញឹកញយ។ លោក​ធ្លាប់​រត់​ចោល​ភូមិ​ទៅ​នៅ​ក្រុង​ភ្នំពេញ ច្រើន​ឆ្នាំ ទើប​តែ​ពេល​នេះ​លោក​ហ៊ាន​ចូល​មក​រស់​នៅ​ខេត្ត​កំពត​វិញ ព្រោះ​ប្រពន្ធ និង​កូន​រស់​នៅ​ទី​នេះ តែ​លោក​នៅ​តែ​មិន​ហ៊ាន​ទៅ​រស់​នៅ​​លើ​ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋ​ចែក​ឲ្យ៖ «»។

ដី​សម្បទាន​សង្គមកិច្ច​ដែល​ជន​ពិការ​បាន​អះអាង​ថា រដ្ឋ​បាន​ចែក​ឲ្យ​ពួកគាត់​កាល​ពី​ឆ្នាំ​២០១១ ឈ្មួញ​ដី​បាន​ប្រើ​ហិង្សា​គ្រប់​រូបភាព​ដើម្បី​បង្ខំ​ឲ្យ​ជន​ពិការ និង​អ្នក​ក្រីក្រ​ប្រគល់​ដី​ទៅ​ឲ្យ​ឈ្មួញ។

អភិបាល​រង​ខេត្ត​កំពត លោក លោក ស៊ឹម វុទ្ធា ប្រាប់​ថា លោក​លែង​កាន់​ករណី​ដី​ជម្លោះ​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ទៀត​ហើយ។ លោក​បង្វែរ​ឲ្យ​ទៅ​សួរ​នាយក​រដ្ឋបាល​សាលា​ខេត្ត គឺ​លោក វ៉ែន ស៊ីថា និង​ប្រធាន​មន្ទីរ​ដែនដី ខេត្ត​កំពត។ លោក ស៊ឹម វុទ្ធា ប្រាប់​ថា កាល​លោក​នៅ​កាន់​សំណុំ​រឿង​នេះ លោក​បាន​ធ្វើ​របាយការណ៍​ឲ្យ​អភិបាល​ខេត្ត​កំពត ហើយ​លោក​មិន​បាន​ដឹង​ថា អភិបាល​ខេត្ត​កំពត បញ្ជូន​របាយការណ៍ ឬ​ដោះស្រាយ​យ៉ាង​ណា​នោះ​ទេ៖ «»។

អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​កំពត លោក ចាន់ ចេស្ដា និង​រដ្ឋបាល​សាលា​ខេត្ត​កំពត លោក វ៉ែន ស៊ីថា បាន​ទេ នៅ​ថ្ងៃ​ទី​​១៨ ខែ​កក្កដា។ ចំណែក​ប្រធាន​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក យិន វុឌ្ឍ ប្រាប់​ឲ្យ​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ទៅ​ជួប​លោក​នៅ​មន្ទីរ​ដែន​ដី​ខេត្ត​កំពត។ នៅ​ពេល​ទៅ​ជួប​មន្ត្រី​នៅ​ក្នុង​មន្ទីរ​ដែនដី​ប្រាប់​ថា លោក​ជាប់​រវល់​ប្រជុំ ហើយ​នៅ​ពេល​ប្រជុំ​ចប់​លោក​នឹង​ទៅ​ចែក​អំណោយ​ជាមួយ​កាកបាទ​ក្រហម​ខេត្ត​កំពត ដោយ​មិន​មាន​ពេល​ផ្ដល់​បទសម្ភាសន៍​នោះ​ទេ។

ភាព​ចម្រូងចម្រាស​រឿង​ដីធ្លី​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង នេះ បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០១៤ គឺ​ក្រោយ​ពេល​ឈ្មួញ​ដី​បាន​ចូល​ទៅ​ដណ្ដើម និង​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​ភូមិ។ ក្រោយ​មក​អាជ្ញាធរ​ខត្ត​កំពត បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​ត្រូវ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ ក៏ប៉ុន្តែ​បញ្ជី​នោះ​មិន​មាន​ឈ្មោះ​ពលរដ្ឋ​ដែល​កាន់​កាប់​ដី​ជាក់ស្ដែង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ បែរ​ជា​មាន​ឈ្មោះ​បុគ្គល​ដែល​អ្នក​ភូមិ​មិន​ស្គាល់​ទៅ​វិញ។ ភាព​មិន​ប្រក្រតី​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​រយ​នាក់​លើក​គ្នា​តវ៉ា​នៅ​តាម​សាលាស្រុក​សាលា​ខេត្ត​ជា​ច្រើន​ដង រហូត​ដល់​ដាក់​ពាក្យ​បណ្ដឹង​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្រុង​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ករណី​នេះ ហើយ​ក្រសួង​ក៏​បាន​ចេញ​លិខិត​មួយ​បញ្ជាក់​ថា ដំណើរ​ការ​វាស់វែង និង​ការ​បិទ​ផ្សាយ​ទិន្នន័យ​ចំនួន ១០៣​ក្បាល​ដី​នោះ គឺ​អនុវត្ត​ពុំ​បាន​សមស្រប​តាម​សេចក្ដី​ណែនាំ​របស់​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​ទេ។

ទោះជា​បែបនេះ​ក្ដី អ្នក​ភូមិ​ប្រាប់​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត និង​ស្រុក​មិន​ហ៊ាន​អនុវត្ត ឬ​យក​ដី​មាន​ជម្លោះ​នោះ មក​ឲ្យ​អ្នក​ភូមិ​វិញ​ទេ ដោយ​អ្នក​ភូមិ​អះអាង​ថា មន្ត្រី​គ្រប់​ជាន់​ថ្នាក់​នៅ​ខេត្ត​កំពត សុទ្ធតែ​ខ្លាច​អំណាច​ឈ្មួញ​ដី​នៅ​ភូមិ​ព្រៃពាយ។

អ្នក​ភូមិ​ព្រៃពាយ ដណ្ដើម​គ្នា​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​អាសីសេរី​ថា ភាព​ឃោរឃៅ​របស់​ឈ្មួញ​ដី គឺ​ឈ្មួញ​ដី​បាន​វាយ​គំរាម និង​បង្ខំ​ឲ្យ​អ្នក​ភូមិ​រុះរើ​ផ្ទះ​របស់​ខ្លួន​ឯង​នៅ​ក្នុង​ភូមិ​ព្រៃពាយ ហើយ​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា អ្នក​ភូមិ​ស្ម័គ្រ​ចិត្ត​រើ​ផ្ទះ។

​អនុ​ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​អាដហុក (ADHOC) លោក សួស វណ្ណៈ យល់​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច គួរ​តែ​មាន​ផែនការ និង​យន្តការ​ច្បាស់លាស់ ប្រកប​ដោយ​តម្លាភាព ដើម្បី​ជៀសវាង​ឈ្មួញ និង​មន្ត្រី​អាច​ឃុបឃិត​គ្នា​យក​ដី​សម្បទាន​សង្គម​កិច្ច៖ «»។

​សង្គម​ស៊ីវិល​យល់​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ការ​ជឿជាក់ រដ្ឋាភិបាល​គួរ​តែ​អនុវត្ត​ច្បាប់​ដោយ​មាន​តម្លាភាព បង្ការ​កុំ​ឲ្យ​ឈ្មួញ និង​មន្ត្រី​អាច​ឃុបឃិត​គ្នា​បាន។

អ្នក​ភូមិ​ព្រៃពាយ ដែល​មាន​ជម្លោះ​ចំនួន ១៨៩​គ្រួសារ ជា​ជន​ពិការ និង​អ្នក​ក្រីក្រ ដែល​អះអាង​ថា ឈ្មួញ​បណ្ដេញ​ចេញ​ពី​ដី ឬ​ដុត​ផ្ទះ​ចោល មាន​គម្រោង​លើក​គ្នា​ទាំង​ភូមិ មាន​ក្មេង ចាស់ ទៅ​តវ៉ា​ម្ដង​ទៀត​នៅ​តាម​ស្ថាប័ន​ជាតិ​ធំៗ នៅ​ក្រុង​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍ ព្រោះ​ពួកគាត់​គ្មាន​ជំនឿ​លើ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ទៀត​នោះ​ទេ ហើយ​ស្នើ​ឈប់​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​លាប​ពណ៌​ពួក​គាត់​ថា ជា​ក្រុម​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង