នាំមកជូនដោយ៖

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​កំពុង​រៀបចំ​អតីត​មូលដ្ឋាន​ខ្មែរ​ក្រហម​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍


ទំហំអក្សរ៖ S M L

បច្ចុប្បន្ន ខេត្ត​ឧត្តរមានជ័យ មាន​កន្លែង​ធម្មជាតិ និង​ប្រាសាទ​បុរាណ រួម​ទាំង​អតីត​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ក្រហម​ចំនួន​ជាង ៣០​កន្លែង ដែល​អាច​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ទៅ​កម្សាន្ត ហើយ​អាច​បង្កើត​ការងារ​ខ្លះ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​តំបន់ ព្រម​ទាំង​អាច​រក​កម្រៃ​បាន​ពី​វិស័យ​ទេសចរណ៍​ផង។

ប៉ុន្តែ​សព្វថ្ងៃ​នេះ ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ មួយ​នេះ គឺ​តិចតួច​នៅ​ឡើយ បើ​ទោះ​បី​ជា​ខេត្ត​នេះ​មាន​ច្រក​ព្រំដែន​ចំនួន​៣ ហើយ​មាន​ភ្ញៀវ​ឆ្លង​កាត់​ពី​ប្រទេស​ថៃ ជា​រៀង​រាល់​ថ្ងៃ​ក៏ដោយ។

មូលហេតុ​ដែល​ភ្ញៀវ​ទេសចរ​មិន​ទាន់​ចាប់​អារម្មណ៍​ទៅ​កម្សាន្ត​នៅ​ខេត្ត​ឧត្តរមានជ័យ គឺ​ដោយសារ​តែ​តំបន់​ទាក់ទាញ​ទេសចរណ៍​ជាច្រើន​កន្លែង នៅ​មិន​ទាន់​អភិវឌ្ឍ។

អាជ្ញាធរ​ស្រុក​អន្លង់វែង និង​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ យល់​ឃើញ​ថា អតីត​មូលដ្ឋាន​យោធា​ខ្មែរ​ក្រហម​នៅ​ស្រុក​អន្លង់វែង ជាច្រើន​កន្លែង គឺ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​យ៉ាង​សំខាន់ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ឲ្យ​ទៅ​ទស្សនា​ក្នុង​ពេល​អនាគត។

បច្ចុប្បន្ន ទាំង​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ និង​អាជ្ញាធរ​ស្រុក​អន្លង់វែង កំពុង​ប្រឹងប្រែង​សហការ​ជាមួយ​អន្តរ​ក្រសួង​របស់​រដ្ឋាភិបាល ដើម្បី​រៀបចំ​អភិវឌ្ឍ​អតីត​មូលដ្ឋាន​សំខាន់ៗ​របស់​ខ្មែរ​ក្រហម​ចំនួន ១៤​កន្លែង ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ទទួល​ភ្ញៀវ​ទេសចរ​ដ៏​សម្បូរ​បែប​នៅ​ពេល​អនាគត។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ គឺ​អ្នកស្រី ធិននី មុន្នីរស្មី។ អ្នកស្រី​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ខេត្ត​ឧត្តរមានជ័យ មាន​តំបន់​ធម្មជាតិ​ដែល​កំណត់​ទុក​ចំនួន ៥​កន្លែង​ធំៗ ប្រាសាទ​បុរាណ​ចំនួន​១៥ និង​អតីត​មូលដ្ឋាន​ខ្មែរ​ក្រហម​ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ចំនួន ១៤​កន្លែង​ទៀត ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ពេល​អនាគត​បាន។

ប្រធាន​មន្ទីរ​ទេសចរណ៍​ដដែល​បញ្ជាក់​ថា ថ្វីត្បិតតែ​ពេល​នេះ​ខេត្ត​ឧត្តរមានជ័យ មាន​រមណីយដ្ឋាន​ទេសចរណ៍​រហូត​ដល់​ទៅ​ជាង ៣០​កន្លែង ក៏ប៉ុន្តែ​ក្នុង​មួយ​ខែៗ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​ពី ១.៥០០​នាក់​ទៅ ២.០០០​នាក់ ព្រម​ទាំង​ភ្ញៀវ​បរទេស​ពី ៣០​នាក់​ទៅ ៥០​នាក់​ប៉ុណ្ណោះ ដែល​ទៅ​កម្សាន្ត ពីព្រោះ​តែ​តំបន់​ទេសចរណ៍​ភាគច្រើន​មិន​ទាន់​អភិវឌ្ឍ។

អ្នកស្រី ធិននី មុន្នីរស្មី មាន​ប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន​នៅ​ខេត្ត​ឧត្តរមានជ័យ ក្រៅ​តែ​ពី​ខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី ឲ្យ​ភ្ញៀវ​អាច​ទៅ​ទស្សនា គឺ​អាជ្ញាធរ​ក៏​កំពុង​ប្រឹងប្រែង​រៀបចំ​អភិវឌ្ឍ​អតីត​មូលដ្ឋាន​ខ្មែរ​ក្រហម​នៅ​ស្រុក​អន្លង់វែង ចំនួន ១៤​កន្លែង នៅ​តាម​ជួរ​ភ្នំ​ដងរែក ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដែរ។ អ្នកស្រី​បញ្ជាក់​ថា ក្នុង​ចំណោម​អតីត​មូលដ្ឋាន​ខ្មែរ​ក្រហម​សំខាន់ៗ​ចំនួន ១៤​កន្លែង គឺ​បច្ចុប្បន្ន អាជ្ញាធរ​ទើប​តែ​រៀបចំ​បាន ៣​កន្លែង​ប៉ុណ្ណោះ៖ «ទី​មួយ នៅ​ផ្ទះ​តា ម៉ុក តំបន់​អូរជីក គឺ​ខាង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចូលរួម​ធ្វើ​ជា​រូបថត ជា​ផ្ទាំង​ប៉ាណូ ផែនទី ហើយ​និង​រូបថត ព្រម​ទាំង​ប្រវត្តិ​របស់​សម័យ​ខ្មែរ​ក្រហម​ដាក់​នៅ​ទីនោះ»

សព្វថ្ងៃ​នេះ អ្នក​ទេសចរ​សំដៅ​ទៅ​លេង​នៅ​ស្រុក​អន្លង់វែង គឺ​តែង​ចាប់​អារម្មណ៍​ទៅ​មើល​ផ្ទះ​តា ម៉ុក អតីត​មេ​ដឹកនាំ​កងទ័ព​ខ្មែរ​ក្រហម​ដែល​នៅ​មាន​សេសសល់ គុក​ដាក់​មនុស្ស ព្រម​ទាំង​ឡាន​សម្រាប់​ផ្សាយ​វិទ្យុ​របស់​កម្ពុជា​ប្រជាធិបតេយ្យ ជាដើម។ លើស​ពី​នេះ អ្នក​ខ្លះ​ទៀត​ក៏​បន្ត​ដំណើរ​ទៅ​លើ​ខ្នង​ភ្នំ​ដងរែក ដើម្បី​មើល​ផ្នូរ​ខ្មោច​របស់ ប៉ុល ពត អតីត​មេ​ដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ភាគច្រើន​ស្គាល់​ថា​ជា​របប​ខ្មែរ​ក្រហម។

បុរស​ដែល​នៅ​ថែរក្សា​ផ្នូរ ប៉ុល ពត លោក មា ច្រូន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​មិន​សូវ​សម្បូរ​ភ្ញៀវ​ទៅ​មើល​ផ្នូរ​របស់ ប៉ុល ពត ទេ។ ការ​ទៅ​មើល​ផ្នូរ​របស់ ប៉ុល ពត នេះ សម្រាប់​ពលរដ្ឋ​ខ្មែរ​តម្រូវ​ឲ្យ​បង់​ប្រាក់​តិចតួច ប៉ុន្តែ​សម្រាប់​ភ្ញៀវ​បរទេស គឺ​ម្នាក់ ២​ដុល្លារ​អាមេរិក ហើយ​យូរៗ​ទើប​គេ​ឃើញ​ភ្ញៀវ​ខ្មែរ និង​បរទេស ២៣​នាក់​ចូល​ទៅ​មើល​ម្ដង។ លោក មា ច្រូន បញ្ជាក់​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​អភិវឌ្ឍ​នៅ​កន្លែង​ផ្នូរ ប៉ុល ពត និង​តំបន់​ប្រវត្តិសាស្ត្រ​ជាច្រើន​កន្លែង​ទៀត​ឲ្យ​ល្អ​ស្អាត ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ទស្សនា​បាន​ច្រើន៖ «កន្លែង​នេះ​ចង់​ឲ្យ​ជា​តំបន់​ទេសចរណ៍​ល្អ ចង់​ឲ្យ​រៀបចំ​កន្លែង​ហ្នឹង​មាន​បង់​ដាក់​ក្រោម​ដើមឈើ មាន​បង្គន់​អនាម័យ ពីព្រោះ​ខែ​បុណ្យ​ទាន​ឃើញ​អ្នក​មក​ពី​ភ្នំពេញ ចូល​មក​មើល​ច្រើន»

អភិបាល​ស្រុក​អន្លង់វែង លោក ហោ ជិនវិរៈយុទ្ធ មាន​ប្រសាសន៍​ថា ការ​រៀបចំ​អភិវឌ្ឍ​អតីត​មូលដ្ឋាន​ខ្មែរ​ក្រហម​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នេះ គឺ​ជា​គម្រោង​របស់​រដ្ឋាភិបាល មិន​មែន​គម្រោង​របស់​អាជ្ញាធរ​មូលដ្ឋាន​ទេ ប៉ុន្តែ​អាជ្ញាធរ​ជា​អ្នក​អនុវត្តន៍​ទៅ​តាម​គោលការណ៍​របស់​អន្តរ​ក្រសួង៖ «បច្ចុប្បន្ន​នេះ​យើង​គាំទ្រ​ចំពោះការ​រៀបចំ​គោលដៅ និង​ប្លង់​តាម​រយៈ​ការ​ឯកភាព​គ្នា​កន្លង​មក។ ឥឡូវ​ហ្នឹង​គោលដៅ​ចំនួន​២ គឺ​យើង​បាន​សហប្រតិបត្តិការ​រួម​គ្នា​ហើយ ទី​១ គឺ​ផ្ទះ​តា ម៉ុក នៅ​អូរជីក និង​ទី​២ គឺ​ផ្ទះ​តា ម៉ុក នៅ​លើ​ភ្នំ​ដងរែក»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ដែល​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង ក្នុង​កិច្ចការ​រៀបចំ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​អន្លង់វែង បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា។

អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់វែង​របស់​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១០ បាន​រក្សា​ទុក​អតីត​មូលដ្ឋាន​យោធា​សំខាន់ៗ​របស់​ខ្មែរ​ក្រហម​អន្លង់វែង​នៅ​ក្នុង​ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​អនាគត បំណង​ទុក​ឲ្យ​មជ្ឈមណ្ឌល​នយោបាយ​ចុង​ក្រោយ​បង្អស់​របស់​អតីត​អង្គការ​ចាត់​តាំង​នយោបាយ និង​យោធា​នៃ​កម្ពុជា​ប្រជាធិបតេយ្យ (ខ្មែរ​ក្រហម) បាន​គង់វង្ស ជា​ប្រយោជន៍​ទុក​ឲ្យ​សាធារណជន​ជាតិ និង​អន្តរជាតិ យល់​ដឹង និង​ចងចាំ​អំពី​នយោបាយ​របស់​មេ​ដឹកនាំ​នៃ​របប​ប្រល័យ​ពូជសាសន៍។ ការពារ​បរិស្ថាន​ធម្មជាតិ​ក្នុង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​អភិរក្ស អភិវឌ្ឍ​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ។

តំបន់​ដែល​រដ្ឋាភិបាល​រក្សា​ទុក ១៤​កន្លែង​នោះ មាន​កន្លែង​ដុត​សព ប៉ុល ពត ទំហំ​ផ្ទៃដី​ជាង ១​ហិកតារ កន្លែង​កាត់​ទោស ប៉ុល ពត ទំហំ​ផ្ទៃដី ៤៤៩​ម៉ែត្រ​ក្រឡា កន្លែង​ផ្ទះ​តា ម៉ុក លើ​ខ្នង​ភ្នំ​ដងរែក ផ្ទៃដី​ទំហំ​ជាង ៣​ហិកតារ កន្លែង​ច្នៃ​គ្រាប់​កាំភ្លើង​លើ​ភ្នំ​២០០ ទំហំ​ផ្ទៃដី​ជាង ១​ហិកតារ រោង​យាម ២​កន្លែង​របស់​ផ្ទះ ប៉ុល ពត ខៀវ សំផន និង​ជំរំ​អ្នក​នយោបាយ​នៃ​រដ្ឋាភិបាល​ខ្មែរ​ក្រហម​នៅ​ក្បាល​ទន្សោង​ទំហំ​ផ្ទៃដី​ជាង ១១៧​ហិកតារ ព្រម​ទាំង​ផ្ទះ​តា ម៉ុក នៅ​តំបន់​អូរជីក ទំហំ​ជាង ១​ហិកតារ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង