នាំមកជូនដោយ៖

មន្ត្រី​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​បន្ត​​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ចំពោះ​ជំងឺ​គ្រុនឈាម


ទំហំអក្សរ៖ S M L

គ្រុនឈាម គឺ​ជា​ជំងឺ​ឆ្លង​ធ្ងន់ធ្ងរ​ចំពោះ​កុមារ​តូចៗ បើ​អាណាព្យាបាល​មិន​ចាប់​អារម្មណ៍​តាមដាន​ពី​ស្ថានភាព​ជំងឺ​នេះ​ទេ។ ត្បិត​បច្ចុប្បន្ន​ជំងឺ​នេះ​ពុំ​មាន​ស្ថានភាព​ឆ្លង​រាតត្បាត​ខ្លាំង​ដូច​មុន ប៉ុន្តែ​មន្ត្រី​សុខាភិបាល​នៅ​តែ​បារម្ភ និង​ត្រៀម​បង្ការ​ជានិច្ច។ នៅ​ខេត្ត​កំពង់ឆ្នាំង ស្ថានភាព​ជំងឺ​គ្រុនឈាម​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៧ ថយ​ចុះ​ជាង​ឆ្នាំ​២០១៦ ប៉ុន្តែ​ភ្នាក់ងារ​សុខាភិបាល នៅ​តែ​ចុះ​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះ។

ដូច​រាល់​ឆ្នាំ​ដែរ មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ចេញ​ថ្នាំ​សម្លាប់​ដង្កូវ​ទឹក និង​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដើម្បី​បង្ការ និង​លុបបំបាត់​ជំងឺ​គ្រុន​ឈាន។ ក្នុង​រយៈ​ពេល ២៧​សប្ដាហ៍ ដើម​ឆ្នាំ​២០១៧ មាន​ករណី​ជំងឺ​គ្រុន​ឈាម ៤៥​ករណី ពុំ​មាន​មនុស្ស​ស្លាប់ បើ​ប្រៀបធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦ ក៏ពុំ​មាន​ករណី​មនុស្ស​ស្លាប់​ដែរ តែ​ចំនួន​អ្នក​ជំងឺ​មាន​រហូត​ដល់ ១៤៤​នាក់។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ថ្លែង​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ថា ការ​ថយ​ចុះ​នៃ​ករណី​ជំងឺ​គ្រុន​ឈាម​ឆ្នាំ​នេះ អាច​មក​ពី​ពលរដ្ឋ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​វិធី​លុបបំបាត់​ប្រភព​មូស​ខ្លា និង​យក​កូន​ចៅ​មក​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​បាន​ទាន់​ពេល។ ទោះ​ជា​យ៉ាង​ណា លោក​ថា ភ្នាក់ងារ​សុខាភិបាល​មិន​ធ្វេសប្រហែស​ចំពោះ​ជំងឺ​ឆ្លង​នេះ​ឡើយ​នៅ​រដូវ​វស្សា៖ «យើង​បាន​ដាក់​នៅ​ខាង​បរិបូរណ៍ កំពង់លែង នៅ​ឃុំ​ច្រណូក និង​ភូមិ​កង្កែប យើង​បាន​ដាក់ ហើយ​នៅ​ខាង​កំពង់ត្រឡាច បាន​ដាក់​នៅ​បួន​ឃុំ ហើយ​មាន​ថ្មឥត ពានី ច្រេស និង​ឃុំ​អូរឫស្សី ហើយ​អាបែត​យើង​កំពុង​ចែកចាយ​មាន​ន័យ​ថា បញ្ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន មាន​ន័យ​ថា បញ្ជូន​ដល់​ឃុំ»

ជំងឺ​គ្រុន​ឈាម​ភាគ​ច្រើន​ចាប់​ផ្ដើម​ឆ្លង​រាតត្បាត​ពី​ខែ​ឧសភា ដល់​ខែ​តុលា រាល់​ឆ្នាំ។ លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន បញ្ជាក់​ថា បើ​ក្នុង​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ឱកាស​នៃ​ការ​កកើត​មូល​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម​នោះ​មិន​សូវ​មាន​ឡើយ។ ប៉ុន្តែ​បើ​ភ្លៀង​រអាក់រអួល​នោះ ប្រភព​ដែល​អាច​កកើត​មូស​ខ្លា​នឹង​មាន​ច្រើន ដែល​ទាមទារ​ឲ្យ​ពលរដ្ឋ​សម្អាត​បរិវេណ​ជុំវិញ​ផ្ទះ ឬ​ដាក់​ថ្នាំ​សម្លាប់​មូស។

ប្រធាន​មន្ទីរ​សុខាភិបាល​រូប​នេះ​បន្ថែម​ថា ភ្នាក់ងារ​សុខាភិបាល​បាន​ចុះ​ដាក់​ថ្នាំ​សម្លាប់​មូស និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ក្នុង​ឃុំ​មួយ​ចំនួន​នៃ​ស្រុក​កំពង់​ត្រឡាច បរិបូរណ៍ និង​ស្រុក​កំពង់លែង រួច​ហើយ។ លោក​ថា ថ្នាំ​សម្លាប់​មូស​មាន​គ្រប់គ្រាន់​កំពុង​បញ្ជូន​ទៅ​តាម​មណ្ឌល​សុខភាព និង​ការិយាល័យ​ប្រតិបត្តិ​សុខាភិបាល​តាម​ស្រុក ខណៈ​មន្ទីរ​ត្រៀម​បរិក្ខារ​ពេទ្យ ឬ​ថ្នាំ​សម្រាប់​ជួយ​អ្នក​ជំងឺ​ដែរ៖ «សម្ភារៈ​ត្រៀប​បម្រុង​មាន​អាបែត និង​ថ្នាំ​បាញ់ បើ​ផ្ទុះ​ខ្លាំង ឬ​ច្រើន​យើង​ត្រូវ​អន្តរាគមន៍​ដោយ​ការ​បាញ់​ថ្នាំ ហើយ​យើង​មាន​ស៊ីរ៉ូម​ក្នុង​ការ​ជួយ​សង្គ្រោះ និង​ព្យាបាល​ប្រសិន​បើ​មាន​ករណី​ហ្នឹង​ច្រើន»

ក្រសួង​សុខាភិបាល បាន​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម ក្រោម​ប្រធានបទ “រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម” កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៧។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​អស់​ឲ្យ​លប់​បំបាត់​ជម្រក​ដង្កូវ​ទឹក កុំ​ឲ្យ​កើត​មូស​ខ្លា និង​នាំ​កូន​ទៅ​ពេទ្យ​ជា​បន្ទាន់ បើ​សង្ស័យ​ថា​មាន​ជំងឺ​គ្រុន​ឈាម។ បន្ថែម​លើ​នេះ បើ​បងប្អូន​ឃើញ​ករណី​ជំងឺ​គ្រុន​ក្ដៅ​ច្រើន​ខុស​ធម្មតា​ក្នុង​ភូមិ ឬ​ក្នុង​មូលដ្ឋាន​របស់​បងប្អូន សូម​ផ្ដល់​ព័ត៌មាន​ទៅ​មន្ត្រី​សុខាភិបាល​ដែល​នៅ​ជិត​បងប្អូន​បំផុត ឬ​អាច​រាយការណ៍​តាម​ទូរស័ព្ទ​មក​កាន់​លេខ ១១៥៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង